ទីអង្គុយ (គ្រហស្ថ ក្នុងព្រះទីន័ងវេវាវិនិច្ឆ័យ)

[] នៅ​​ក្នុង​​ព្រះបរមរាជវាំង​​ កាល​​មាន​​ព្រះរាជ​​ពិធិ​​ទ្វាទមាស​​ម្ដង​ៗ​​ ដែល​​ព្រះករុណា​​ជា​អម្ចាស់​​ជីវិត​​លើ​​ត្បូង​​ស្ដេច​​​យាង​ជា​​ព្រះរាជាធិបតី​ នោះ​​បណ្ដា​ភ្នាក់ងារ​ត្រូវ​រៀប​ទី​ព្រះទីន័ង​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ជា​ខាង​ដើម​ ខាង​មុខ​បង្អស់​ បន្ទាប់​មក​ថ្វាយ​ព្រះរាជវង្សានុវង្ស​ក្សត្រា​ជា​ទី២​ គណរដ្ឋ​មន្ត្រី​ទី៣​ មន្ត្រី​សក្ដិ​១០​ហ៊ូពាន់​ទី​៤​ (ឧត្តម​មន្ត្រី​ផុត​លេខ​ ចាងហ្វាង​សាលា​វិនិច្ឆ័យ​) ត​ទៅ​វរមន្ត្រី​ អនុមន្ត្រី​ ក្រមការ​...​ ។ល។​ យ៉ាង​នេះ​ជា​របៀប​ ជា​ទម្លាប់​ទំនៀម​ ។

ព្រះរាជវង្សានុវង្សក្សត្រាដែលឡើងគាល់ត្រូវ​គង់​ជាមួយ​គ្នា​ទាំងអស់​នៅ​កន្លែង​មួយ​​ ដែល​មុខងារ​បាន​ចាត់​ទុក​ថ្វាយ​ ។ ការ​គង់​នេះ​ត្រូវ​ជ្រាប​ថា​ព្រះអង្គ​គង់​តាម​ថ្នាក់​សក្ដិយស​ធំ​តូច​ជា​លំ​ដាប់​ ។

ចំណែក​ខ្ញុំ​រាជ​ការ​ដែល​គាល់​បម្រើ​ព្រះ​អង្គ​ព្រះករុណា​ជា​អម្ចាស់​ជិវិត​លើ​ត្បូង​ នោះ​ត្រូវ​មាន​​កន្លែង​អង្គុយ​គាល់​ដោយ​ឡែក​ ដែល​ក្រុម​ព្រះរាជមន្ទីរ​រៀប​ចំ​បម្រុង​ទុក​ជា​របៀប​ស្រេច​ៗ ។ ដូច្នេះ​ព្រះរាជវង្សានុវង្ស​ក្ដី អស់​លោក​មន្ត្រី​ធំ​តូច​ក្ដី ​ត្រូវ​ទទួល​យក​ទី​អង្គុយ​ដែល​ចាងហ្វាង​ព្រះរាជ​មន្ទីរ​ បាន​អញ្ជើញ​ស្ដេចគង់​ អញ្ជើង​អង្គុយ ទើប​មាន​របៀប​រៀបរយ​ល្អ តាម​ច្បាប់​តាម​ទំនៀម ។

ខាង​ស្ត្រី​វិញ​ក៏​មាន​របៀប​ប្រហែល​ៗ​គ្នា​ជា​ទម្លាប់​ទំនៀម ។

នា​ក្រោយ​ព្រះ​មហា​ស្វេតច្ឆត្រ​ជា​កន្លែង​សម្រាប់​ស្ត្រី​គាល់​ព្រះមហាក្សត្រាធិបតី​ គ្រប់​ព្រះរាជ​ពិធី​ទ្វាទសមាស​ ។ នោះ​នៅ​ចំ​ពី​ក្រោយ​ព្រះមហាស្វេតច្ឆត្រ​ ត្រូវ​ចាត់​ជា​៣​រយៈ ទី១ សម្រាប់​ថ្វាយ​សម្ដេច​ព្រះជន​នី​នាថ សម្ដេច​ព្រះមាតុច្ឆា​ សម្ដេច​ព្រះបិតច្ឆា​ ។ល។​ ទី២ ​បន្ទាប់​ត​ទៅ​ខាង​ក្រោយ​ ក្សត្រី​ទី​ព្រះ​អង្គ​ម្ចាស់ និង​អ្នក​អង្គម្ចាស់ ។ ទី៣ ខាង​ក្រោយ​បង្អស់ ​ចោជិ​ត ចៅច​ម (អស់អ្នក) ។

នា​ខាង​ស្ដាំ​ទី​ទាំង​៣ នេះ​ក្នុង​ល្វែង​ដោយ​ខ្លួន​សម្រាប់​ជំទាវ​ខុនណាង​ (គឺ​ភរិយា​មន្ត្រី​ធំ​តូច) នោះ​ក៏​មាន​របៀប​តាម​ឋានន្តរសក្ដិ​នៃ​ស្វាមី​ទាំងអស់ ។

ដែល​លើក​យក​របៀប​ទី​គង់​ក្សត្រ​មាន​ព្រះករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង​ជា​ប្រធាន​ដរាប​ ចុះ​មក​ព្រះរាជវង្សានុវង្ស​ជា​លំដាប់​ទាំង​ក្សត្រីក្សត្រា​ ទាំង​នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​កវី​បណ្ឌិត​ ចៅ​ជិត​ចៅចម​ ជំទាវ​ខុន​ណាង​ មក​ជា​តួ​យ៉ាង​ ដើម្បី​ជា​បែប​ផែន​ពន្យល់​បំភ្លឺ​របៀប​រៀប​ទី​សេនាសនៈ ទទួល​ភ្ញៀវ​ឲ្យ​បាន​សមរម្យ​កុំឲ្យ​ខុស​ឆ្គង​ពេក ។

បើ​យើងយល់​របៀប​នេះ​បាន​ហើយ កាល​គ្រា​យើង​មាន​កិច្ច​ធុរៈ​បុណ្យ​ទាន ឫ រៀប​ពិធី​មង្គលការ​ផ្សេងៗ មាន​អញ្ជើញ​ស្ដេច​ក្សត្រិយ៍​ខត្តិយវង្ស នា​ម៉ឺន​ធំ​តូច​ព្រៀង​លាន ញាតិ​សាច់​សា​លោហិត និង​មិត្រ​ភក្តិ​មក​ជា​អធិកអធម នោះ​គប្បី​ចាត់​ទីកន្លែង​ឲ្យសម​តាមយ​សក្ដិ​ជា​ដរាប ។

នេះ​ចំណែក​ខាង​ក្សត្រិយ៍ និង​មន្ត្រី​ក៏​ល្មម​ចូល​ចិត្ត​បាន ។

ចំណែក​រាស្ត្រ​សាមញ្ញ​គឺ​អ្នក​ឥត​បណ្ណា​សក្ដិ​នោះ​ គេ​ត្រូវ​រាប់​យក​ចាស់​ព្រឹទ្ធា​ចារ្យ​ជា​ធំ​ក្នុង​ទី​ប្រជុំ​នីមួយៗ នោះ​គេ​ដាក់​លោក​អាចារ្យ (គឺ​អ្នក​នាំ​ថ្វាយ​បង្គំ​ព្រះ​សូម​សីល... ។ល។) ឲ្យ​អង្គុយ​មុខ​បង្អស់​នៅ​កណ្ដាល​ទី​ប្រជុំ​ បន្ទាប់​ត​ៗ​មក​ក្រោយ​ គឺ​អញ្ជើញ​លោក​ចាស់​ៗ ឡើង​ទៅ​ជិត​លោក​អាចារ្យ ទើប​ក្មេង​ៗ​ជា​លំដាប់​ចុះ​មក​ ។ តែ​បើ​មាន​នា​ម៉ឺន​ធំ​តូច​ អញ្ជើញ​មក​ខ្លះ​ផង​ គប្បី​អញ្ជើញ​អស់​លោកទាំង​នោះ​អង្គុយ​ជិត​ស្មើ​នឹង​លោក​អាចារ្យ​ទើប​សម ។ ស្ត្រី និង បុរស​ក៏​ត្រូវ​ញែក​ជា​ពួក​នៅ​ក្នុង​ទី​នោះ​ គឺ​តាម​ប្រវេណី​ខ្មែរ​ពី​បុរាណ​មក ការ​ប្រជុំ​ធ្វើ​បុណ្យ ឬ ធ្វើ​ពិធី​អ្វី​នីមួយ​ៗ គេ​តែង​​តែ​ផ្ដុំ​ស្រី​ដោយ​ស្រី ប្រុស​ដោយ​ប្រុស ថ្វី​បើ​ប្ដី​ប្រពន្ធ​មក​ពី​ផ្ទះ​ជាមួយ​គ្នា តែ​ដល់​ទៅ​ទី​ប្រជុំ​គេ​តែង​តែ​បែក​គ្នា​ទៅ​រក​ទី​កន្លែង​តាម​ស្រី​តាម​ប្រុស​ជា​ធម្មតា ។ នៅ​គេហស្ថាន​របៀប​រៀប​ភ្ញៀវ​នេះ​ស្រេច​ហើយ​នៅ​លើ​ម្ចាស់​បុណ្យ ឬ អ្នក​ចាត់ការ ។ នៅ​ទី​វត្ត​វិញ​ស្រេច​ហើយ​តែ​លោក​អាចារ្យ ជា​ប្រមុខ​ចាត់​ចែង​ធ្វើ​កាលទាន ឬ បុណ្យ​ទ្វា​ទស​មាស​ដែល​លោក​អាចារ្យ​មាន​ស្លាក​ ឬ កម្មវិធី ចែក​ចាយ​ផ្សាយ​ដំណឹង​អញ្ជើញ​ទាយកទាយិកា​ជើង​វត្ត​មក ។

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ