Jump to content

នាយករដ្ឋមន្ត្រីថៃ

ពីវិគីភីឌា
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ
ទង់នាយករដ្ឋមន្ត្រី
ត្រានាយករដ្ឋមន្ត្រី
អ្នក​កាន់​តំណែងបច្ចុប្បន្ន
ពែទងធារ ជិនវ័ត្រ

ចាប់​តាំងពី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
ការិយាល័យនាយករដ្ឋមន្ត្រី
រាជរដ្ឋាភិបាលថៃ
បែបបទឯកឧត្តម
ស្ថានភាពប្រមុខរដ្ឋាភិបាល
សមាជិកនៃ
សេចក្ដី​រាយការណ៍​ចំពោះរដ្ឋសភា
និវេសនដ្ឋានវិមានពិស្ណុលោក
អាសនៈវិមានរដ្ឋាភិបាល
អ្នកចាត់តាំងព្រះមហាក្សត្រ
រយៈពេលសរុបមិនអាចលើសពីប្រាំបីឆ្នាំ[]
(មួយអាណត្តិ បួនឆ្នាំ, អាចបន្តបានមួយអាណត្តិ)
Constituting instrumentរដ្ឋធម្មនុញ្ញថៃ
និម្មិតកម្ម២៨ មិថុនា ១៩៣២
អ្នកកាន់តំណែងដំបូងព្រះយាមនោបៈករណ៍និតិធាដា
អនុប្រធានឧបនាយករដ្ឋមន្ត្រី
ប្រាក់ខែ១២៥,៥៩០ ฿ (ក្នុងមួយខែ)[]
គេហទំព័រthaigov.go.th

នាយករដ្ឋមន្ត្រីថៃ (សៀមนายกรัฐมนตรีไทย) គឺជាប្រមុខរដ្ឋាភិបាលនៃប្រទេសថៃ។ នាយករដ្ឋមន្រ្តីក៏ត្រូវជាប្រធាននៃគណៈរដ្ឋមន្ត្រីថៃផងដែរ។ តំណែងនេះត្រូវបានបង្កើតឡើងក្រោយបដិវត្តន៍ឆ្នាំ១៩៣២ នៅពេលដែលប្រទេសថៃបានប្តូរមកប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ

មុនរដ្ឋប្រហារ នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយទទួលយកសម្លេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ហើយក្រោយមកគឺត្រូវតែងតាំងដោយព្រះមហាក្សត្រ។ ការជ្រើសរើសនៅក្នុងសភានីមួយៗគឺផ្អែកទៅលើថា នាយករដ្ឋមន្រ្តីគឺត្រូវជាមេដឹកនាំនៃគណបក្សធំបំផុត ឬជាមេដឹកនាំនៃសម្ព័ន្ធនយោបាយធំបំផុតនៅក្នុងសភា។ យោងទៅតាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងតែពីរដងគត់ នេះមានន័យថានាយករដ្ឋមន្រ្តីអាចកាន់អំណាចដោយកំណត់បានត្រឹម ២ អាណត្តិប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោកស្រីពែទងធារ ជិនវ័ត្រ ដោយលោកស្រីបានចូលកាន់តំណែងនេះនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ក្រោយពីអតីតនាយករដ្ឋមន្ត្រីលោកស្រេតដ្ឋា ទវីសិនត្រូវបានដកចេញពីតំណែង។

ប្រវត្តិសាស្ត្រ

[កែប្រែ]

តំណែងមួយនេះត្រូវបានបង្កើតឡើងដោយផ្អែកលើរដ្ឋធម្មនុញ្ញសៀមនៃឆ្នាំ១៩៣២ ដោយដំបូងមានឈ្មោះថា"ប្រធាននៃគណៈកម្មាធិការប្រជាជន" (ประธานคณะกรรมการราษฎร) ហើយក្រោយបន្តិចមកទើបប្តូរមក"នាយករដ្ឋមន្ត្រីសៀម"។ តំណែងនេះត្រូវបានស្ថាបនាឡើងដោយយងគំរូតាមតំណែងនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបន្ទាប់ពីសៀមបានផ្លាស់ប្តូរមកប្រកាន់របបប្រជាធិបតេយ្យអាស្រ័យសភានៅក្នុងឆ្នាំ១៩៣២។

មុនឆ្នាំ១៩៣២ ប្រទេសថៃបានប្រកាន់របបរាជាធិបតេយ្យផ្តាច់ការដែលមានព្រះមហាក្សត្រជាអ្នកកាន់អំណាចផ្តាច់មុខ ពោលគឺកាន់អំណាចជាប្រមុខរដ្ឋផងនិងរដ្ឋាភិបាលផង។ ប៉ុន្តែ គេបានសម្លឹងមើលឃើញថា នៅពាក់កណ្តាលនិងចុងរជ្ជកាលផ្តាច់ការនៃរាជវង្សចក្រី មានបុគ្គលមួយចំនួនដែលមិនមែនជាស្តេចបានកាន់មុខតំណែងជាប្រមុខរដ្ឋាភិបាលនេះ។ ឧទាហរណ៍៖ នៅក្នុងរជ្ជកាលព្រះចៅមង្កុដគឺមានសម្តេចចៅព្រះស្រីសុរិយវង្សស៍ជាអ្នកកាន់តំណែងប្រមុខរដ្ឋាភិបាល ចំណែកឯក្នុងរជ្ជកាលចៅចុល្លាង្ករណ៍វិញមានព្រះអង្គម្ចាស់ដំរង្ស រាជានុភាពជាប្រមុខរដ្ឋាភិបាល។ គេបានចាត់ទុកថាតំណែងដើម (មុន) នៃតំណែងនាយករដ្ឋមន្ត្រីគឺ"សមុហនាយក" (สมุหนายก) ដែលត្រូវបានកាន់កាប់ដោយ"អង្គមហាសេនាបតី" (อัครมหาเสนาบดี)។

នាយករដ្ឋមន្ត្រីសៀមទីមួយគឺព្រះម៉ានូផាកន និទិថាដាដែលជាអតីតចៅក្រមម្នាក់។ នៅឆ្នាំ១៩៤៥ ឈ្មោះនៃតំណែងនេះត្រូវបានផ្លាស់ប្តូរពី"នាយករដ្ឋមន្រ្តីសៀម" ទៅ "នាយករដ្ឋមន្ត្រីថៃ"។ ចាប់តាំងពីបង្កើតមក តំណែងនេះគឺភាគច្រើនត្រូវបានកាន់កាប់ដោយមេយោធា, នាយករដ្ឋមន្ត្រីចំនួន ១៦ រូបក្នុងចំណោមសរុប ២៥ រូបនិងរួមទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្នផងដែរគឺសុទ្ធតែធ្លាប់ឬកំពុងបម្រើការឱ្យយោធា។ ការចូលកាន់កាប់តំណែងដោយក្រុមយោធាគឺផ្តើមពីនាយករដ្ឋមន្ត្រីថៃទី២ ឈ្មោះផុត ផាហនយ៉ូទិននៅក្នុងរដ្ឋប្រហារឆ្នាំ១៩៣៣។ អ្នកដែលបម្រើការជានាយករដ្ឋមន្ត្រីយូរជាងគេគឺលោកសេនាប្រមុខផ្លេក​ ភិបួនសង្ក្រាមដែលបម្រើការបានរយៈពេល ១៤ឆ្នាំ ១១ខែ និង ១៨ថ្ងៃ។ អ្នកបម្រើការខ្លីជាងគេបំផុតគឺលោកថាវី បុនយ៉ាកែតដោយបានកាន់កាប់តំណែងបានត្រឹម ១៨ ថ្ងៃប៉ុណ្ណោះ។[] តាំងពីចេញនិម្មិតកម្មមកមាននាយករដ្ឋមន្ត្រីចំនួន ៩ រូបត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង, ៣ រូបត្រូវបានដកសិទ្ធិតាមដីការបស់តុលាការ និង ១១ រូបត្រូវបានលាលែងពីតំណែង។ នាយករដ្ឋមន្រ្តីក្មេងជាងគេបង្អស់គឺសេនី ប្រាមុខដោយលោកបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីដំបូងនៅអាយុ ៤០ ឆ្នាំ។ ប្រទេសថៃបានទទួលមាននាយករដ្ឋមន្រ្តីស្រីដំបូងគេបង្អស់គឺអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាតត្រានៅក្នុងឆ្នាំ២០១១។ នាយករដ្ឋមន្ត្រីថៃទាំងអស់គឺសុទ្ធតែកាន់សាសនាព្រះពុទ្ធ។

ការតែងតាំង

[កែប្រែ]

នាយករដ្ឋមន្ត្រីនៃរាជអាណាចក្រថៃគឺតម្រូវឱ្យមានសមាជិកភាពនៅក្នុងសភាតំណាងរាស្ត្រ។[]

មុនរដ្ឋប្រហារ ដើម្បីត្រូវតែងតាំងជានាយករដ្ឋមន្ត្រី បុគ្គលដែលគេបានតែងតាំងនោះនឹងត្រូវតែមានការគាំទ្រពីសមាជិក ១/៥ នៃសមាជិកសភាទាំងអស់។ ក្រោយពីទទួលបានសម្លេងឆ្នោតភាគច្រើននៅក្នុងសភា សេចក្តីសម្រេចនឹងត្រូវអនុម័តហើយបញ្ជូនទៅព្រះមហាក្សត្រ បន្ទាប់មកទៀតព្រះអង្គនឹងធ្វើការណាត់ជួបជាផ្លូវការដោយផ្តល់ការយល់ព្រមរបស់ទ្រង់ចំពោះសេចក្តីសម្រេចនោះ។ ព្រឹត្តិការណ៍ខាងលើនេះត្រូវតែប្រព្រឹត្តិធ្វើឡើងក្រោមរយៈពេល ៣០ ថ្ងៃក្រោយពីការចាប់ផ្តើមសម័យប្រជុំដំបូងនៃសភាតំណាងរាស្ត្របន្ទាប់ពីការបោះឆ្នោត។ ប្រសិនបើមិនអាចជ្រើសរើសបេក្ខជនណាបានក្រោមរយៈពេល ៣០ ថ្ងៃទេនោះ វាគឺជាកាតព្វកិច្ចរបស់ប្រធានរដ្ឋសភាក្នុងការបញ្ជូនឈ្មោះសមាជិកណាម្នាក់ដែលខ្លួនគិតថាសក្តិសមបំផុតទៅឱ្យព្រះមហាក្សត្រ។

បុគ្គលដែលតែងតាំងគឺត្រូវតែជាប្រធានឬជាមេដឹកនាំនៃគណបក្សនយោបាយធំជាងគេនៅក្នុងសភាជាន់ទាប ឬជាមេដឹកនាំនៃសម្ព័ន្ធនយោបាយធំបំផុតក្រោយការបោះឆ្នោត។

មុខងារ

[កែប្រែ]

នាយករដ្ឋមន្ត្រីគឺជាប្រធានគណៈរដ្ឋមន្ត្រីនៃប្រទេស។ ការតែងតាំងនិងការដកតំណែងពីរដ្ឋមន្ត្រីណាមួយគឺត្រូវធ្វើឡើងដោយការពិភាក្សាគ្នារវាងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងៗទៀត។ ក្នុងនាមជាមេដឹកនាំនៃរដ្ឋាភិបាល នាយករដ្ឋមន្ត្រីគឺត្រូវទទួលខុសត្រូវចំពោះការបរាជ័យនិងការបំពេញមុខងារនានារបស់រដ្ឋមន្រ្តីនិងរដ្ឋាភិបាលខ្លួនទាំងមូល។ នាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងជាប់ៗគ្នាច្រើនជាង ៨ ឆ្នាំនោះទេ (ពោលគឺលើសពី ២ អាណត្តិ)។ ក្នុងនាមជាសមាជិកម្នាក់ដ៏សំខាន់ជាងគេបំផុតក្នុងរដ្ឋាភិបាល នាយករដ្ឋមន្ត្រីគឺជាអ្នកតំណាងឱ្យប្រទេសថៃនៅបរទេសនិងជាអ្នកនាំពាក្យទីមួយឱ្យរដ្ឋាភិបាលក្នុងប្រទេស។ ក្រោមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីត្រូវតែដឹកនាំគណៈរដ្ឋមន្រ្តីខ្លួនក្នុងការប្រកាសសេចក្តីថ្លែងការណ៍ពីគោលនយោបាយនៃរដ្ឋាភិបាលលោកនៅចំពោះមុខសម័យប្រជុំរដ្ឋសភារួមក្នុងរយៈពេលដប់ប្រាំថ្ងៃ។[]

នាយករដ្ឋមន្ត្រីក៏ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះមន្ទីរស្តីការមួយចំនួនផងដែរដូចជា៖ ទីភ្នាក់ងារស៊ើបការសម្ងាត់ជាតិ ការិយាល័យថវិកា ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិ ការិយាល័យក្រុមប្រឹក្សារដ្ឋ ការិយាល័យគណៈកម្មការមន្ត្រីស៊ីវិល ការិយាល័យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ ការិយាល័យនៃគណៈកម្មការអភិវឌ្ឍន៍វិស័យសាធារណៈ ហើយនិងបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង។ រាល់វិក័យប័ត្រប្រាក់ត្រូវតែឆ្លងកាត់ការពិនិត្យទទួលយល់ព្រមពីនាយករដ្ឋមន្រ្តីសិនទើបអាចណែនាំនៅក្នុងរដ្ឋសភាបាន។

នាយករដ្ឋមន្ត្រីអាចត្រូវដកចេញពីតំណែងបានដោយការធ្វើ"ការបោះឆ្នោតគ្មានទំនុកចិត្ត"។ ដំបូងឡើយ ការបោះឆ្នោតគឺត្រូវមានសម្លេង ១ ភាគ ៥ នៃសមាជិកសភាសរុបសិនទើបអាចធ្វើការពិភាក្សាអំពីបញ្ហានោះ។ ក្រោយពីការពិភាក្សាគ្នាហើយ ការបោះឆ្នោតគ្មានទំនុកចិត្តនឹងអាចប្រព្រឹត្តិធ្វើទៅបានដោយត្រូវការតែសម្លេងភាគច្រើនប៉ុណ្ណោះដើម្បីដកនាយករដ្ឋមន្ត្រីចេញពីតំណែង។ ដំណើរនេះគឺមិនអាចធ្វើឡើងចំនួនពីរដងបាននោះទេនៅក្នុងសម័យប្រជុំចំនួនមួយ។

ការិយាល័យ និងលំនៅស្នាក់អាស្រ័យ

[កែប្រែ]

នាយករដ្ឋមន្ត្រីគឺត្រូវទទួលជំនួយការងារពីការិយាល័យនាយករដ្ឋមន្ត្រី (สำนักนายกรัฐมนตรี) ដែលជានាយកដ្ឋានថ្នាក់ខុទ្ទកាល័យដឹកនាំដោយរដ្ឋមន្រ្តីចំនួនពីររូប។ ការិយាល័យនេះគឺមានទីតាំងស្ថិតនៅក្នុងវិមានរដ្ឋាភិបាលនៃប្រទេសថៃនៅក្នុងតំបន់ឌូស៊ីតនៃទីក្រុងបាងកក។

វិមានពិសានុលោក (บ้านพิษณุโลก) គឺជាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងបាងកក។ វិមាននេះត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទវជិរាវុធ ហើយវាបានក្លាយជាគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ១៩៧៩។ ដោយមានពាក្យចចាមអារាមថាវិមាននេះគឺសម្បូរទៅដោយប្រលឹងខ្មោចច្រើន ដូច្នេះនាយករដ្ឋមន្ត្រីភាគច្រើនគឺតែងតែស្នាក់នៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់ពួកគេ ហើយបានប្រើប្រាស់វិមាននេះសម្រាប់តែពេលមានកិច្ចការពាណិជ្ជកម្មនោះទេ។[][]

ឧបនាយករដ្ឋមន្ត្រី

[កែប្រែ]
មុខតំណែង នាម ពេលតែងតាំង មុខតំណែងផ្សេងៗទៀត
ឧបនាយករដ្ឋមន្ត្រី ប្រវិត្ត វង្សសុវណ្ណ ៣០ សីហា ២០១៤
ឧបនាយករដ្ឋមន្ត្រី វិស្ណុ គ្រឿង៉ាម ៣០ សីហា ២០១៤
ឧបនាយករដ្ឋមន្ត្រី អនុទិន ឆាញវីរកុល ១០ កក្កដា ២០១៩ រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ
ឧបនាយករដ្ឋមន្ត្រី ជុរិន្ទ្រ លក្សណៈវិសិស្ដ ១០ កក្កដា ២០១៩ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ឧបនាយករដ្ឋមន្ត្រី ដន បរម័ត្ថវិន័យ ៦ សីហា ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស
ឧបនាយករដ្ឋមន្ត្រី សុព័ឌ្ឍនពង្ស ព័ន្ធមីឆៅ ៦ សីហា ២០២០ ក្រសួងថាមពល

សម្គាល់៖ † មន្ត្រីយោធា

បញ្ជីនាយករដ្ឋមន្ត្រី

[កែប្រែ]

អតីតនាយករដ្ឋមន្ត្រីដែលនៅមានជីវិត

[កែប្រែ]

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ នេះ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងរស់នៅមានចំនួន ១០ រូប។

នាម រយៈពេលកាន់តំណែង ថ្ងៃ ខែ ឆ្នាំកំណើត គណបក្សនយោបាយ
ធានិន្ទ្រ ក្រ័យវិជៀរ ១៩៧៦–១៩៧៧ (1927-04-05) 5 មេសា 1927 (អាយុ 97) ឯករាជ្យ
អាន័ន្ទ បន្យារជុន ១៩៩១–១៩៩២, និងម្តងទៀតនៅក្នុងឆ្នាំ១៩៩២ (1932-08-09) 9 សីហា 1932 (អាយុ 92) ឯករាជ្យ
សុចិន្តា គ្រាប្រយូរ ១៩៩២ (1933-08-06) 6 សីហា 1933 (អាយុ 91) យោធា
ឈួន លីកភ័យ ១៩៩២–១៩៩៥; ១៩៩៧–២០០១ (1938-07-28) 28 កក្កដា 1938 (អាយុ 86) គណបក្សប្រជាធិបតេយ្យ
ជវលិត យងចៃយុទ្ធ ១៩៩៦–១៩៧៧ (1932-05-15) 15 ឧសភា 1932 (អាយុ 92) គណបក្សក្តីសង្ឃឹមថ្មី
ទក្សិណ ជិនវ័ត្រ ២០០១–២០០៦ (1949-07-26) 26 កក្កដា 1949 (អាយុ 75) គណបក្សថៃស្រឡាញ់ថៃ
សុរយុទ្ធ ចុលានន្ទ ២០០៦–២០០៨ (1943-08-28) 28 សីហា 1943 (អាយុ 81) ឯករាជ្យ (យោធា)
សមឆាយ វង្សស្វ័ស្តិ៍ ២០០៨ (1947-08-31) 31 សីហា 1947 (អាយុ 77) បក្សអំណាចប្រជាជន
អភិសិទ្ធិ វេជ្ជាជីវៈ ២០០៨–២០១១ (1964-08-03) 3 សីហា 1964 (អាយុ 60) បក្សប្រជាធិបតេយ្យ
យិងលក្សណ៍ ជិនវ័ត្រ ២០១១–២០១៤ (1967-06-21) 21 មិថុនា 1967 (អាយុ 57) គណបក្សដើម្បីថៃ

ទង់នាយករដ្ឋមន្ត្រី

[កែប្រែ]

មើលផងដែរ

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "Unofficial Translation Constitution of the Kingdom of Thailand". https://cdc.parliament.go.th/draftconstitution2/download/article/article_20180829093502.pdf. 
  2. Nanuam, Wassana. "PM, cabinet to offer their salaries to Covid sufferers". https://www.bangkokpost.com/thailand/general/2146327/pm-cabinet-to-offer-their-salaries-to-covid-sufferers#:~:text=Currently%2C%20Prime%20Minister%20Prayut%20receives%20a%20monthly%20salary%20of%2075%2C590%20baht%20and%20a%20monthly%20position%20allowance%20of%2050%2C000%20baht%20which%20comes%20to%20125%2C590%20baht%20in%20total.%20Over%20three%20months%20he%20will%20be%20donating%20376%2C770%20baht.. 
  3. ที่สุด! ที่สุด! ของนายกรัฐมนตรี และคณะรัฐมนตรีไทย (in Thai). Archived from the original on 16 December 2008. Retrieved 2008-12-21.{{cite web}}: CS1 maint: unrecognized language (link)
  4. 2007 Constitution of Thailand
  5. "Thai PM speech off amid protests". BBC News. 29 December 2008. http://news.bbc.co.uk/2/hi/asia-pacific/7802554.stm។ បានយកមក 22 May 2010. 
  6. "A Thai Ghost Story by Christopher G. Moore". Archived from the original on 2017-01-22. Retrieved 2020-10-28.
  7. Chuan takes a home with haunting history

តំណភ្ជាប់ក្រៅ

[កែប្រែ]